ពិតណាស់កន្លងមកមានព័ត៌មានជាច្រើននិយាយពី iPhone ជំនាន់ទី ៨ របស់ Apple ដែលល្បីថានឹងមានការរចនាអេក្រង់កាន់តែធំជាងមុន ដែលធ្វើឲ្យគ្រប់ៗគ្នាមានការចាប់អារម្មណ៍ជាខ្លាំង។ លេចឮព័ត៌មាននេះ មានប្រិយមិត្តអ្នកគាំទ្រមួយចំនួនបានលួចរំភើបក្នុងចិត្តរួចទៅហើយ និងគិតថាបើដូចតាមការចុះផ្សាយមែន ប្រាកដជាល្អជាក់ជាមិនខាន។
សុជាតិ និស្សិតសាកលវិទ្យាន័រតុន ដែលជាអ្នកនិយមលេងស៊េរី iPhone ជាច្រើនជំនាន់បានបង្ហាញការគាំទ្រសម្រាប់ការរចនាអេក្រង់ធំជាងមុនរបស់ iPhone បន្ទាប់ពីឮថាក្រុមហ៊ុន Apple គ្រោងរចនាទាយាទជំនាន់ក្រោយឲ្យកាន់តែប្លែកជាងមុន។
”ជាព័ត៌មានដ៏រីករាយ ហើយខ្ញុំនឹងគាំទ្រពេញទំហឹង សម្រាប់ការរចនាអេក្រង់កាន់តែធំជាងមុនរបស់ iPhone 6 ដែលនឹងធ្វើឲ្យអ្នកប្រើប្រាស់កាន់តែពេញចិត្តក្នុងការប្រើប្រាស់ iPhone និងបន្តការគាំទ្របន្ថែមទៀត”។
ជាច្រើនជំនាន់មកហើយ Apple បានរចនាអេក្រង់ទូរសព្ទរបស់ខ្លួនពី ៣ ទៅ ៤ អ៊ីង ហើយដែលធ្វើឲ្យមានការរិះគន់ពីអ្នកប្រើប្រាស់មួយចំនួន។
លោក ហេង សេងអាន អ្នកជំនួញ និងក៏ជាអ្នកគាំទ្រផលិតផលរបស់ Apple មួយរូបបានប្រាប់ថា ក្រៅពីសំឡឹងលើគុណប្រយោជន៍លើមុខងារប្រើប្រាស់ បើគិតលើអេក្រង់ លោកក៏ចាប់អារម្មណ៍និងឲ្យតម្លៃខ្ពស់ក្នុងការទិញយកទៅប្រើប្រាស់នោះដែរ។
លោកថា កន្លងទៅ ការរចនាអេក្រង់របស់ iPhone តូចពេកពិបាកក្នុងការប្រើប្រាស់ និងធ្វើឲ្យរិះគន់ពីអ្នកប្រើប្រាស់មួយចំនួន។ លោកបន្តថា បើ iPhone 6 បំពាក់អេក្រង់ធំជាងមុន ពិតជាពិសេសខ្លាំងណាស់។ យ៉ាណាលោកនឹងចាំមើល តើទាយាទជំនាន់ក្រោយរបស់ Apple នេះ នឹងអស្ចារ្យដល់កម្រិតណា។
គិតត្រឹម iPhone 4s ចុះក្រោម គ្រប់ស៊េរីទាំងអស់របស់ Apple បំពាក់អេក្រង់ត្រឹមតែ ៣,៥ អ៊ីញប៉ុណ្ណោះ។ ប៉ុន្តែ ឆ្នាំ ២០១២ ក្រុមហ៊ុន Apple បានបង្កើតយុទ្ធសាស្ត្រថ្មីដែលពង្រីកអេក្រង់ iPhone ទៅ ៤ អ៊ីញ បន្ទាប់ពីមើលឃើញពីតម្រូវការរបស់អ្នកប្រើប្រាស់ និងជាពិសេសប្រជាប្រិយភាពផលិតផលរបស់ក្រុមហ៊ុនគូប្រកួតប្រជែង។
លោក សូឡី មេជាងរោងពុម្ពមួយកន្លែងបានឲ្យដឹងថា បើ iPhone 6 មានអេក្រង់ធំមែនលោកគិតថា Apple កាន់តែមានប្រជាប្រិយភាពថែមទៀត។ លោកបានតាមដានព័ត៌មានមួយចំនួនដែលទាក់ទង iPhone 6 លោកសង្ឃឹមនឹងជឿជាក់ថា iPhone 6 ពិតជាមានអេក្រង់ធំជាងជំនាន់មុនៗពិតប្រាកដមែន។
យោងតាមព័ត៌មានអន្តរជាតិមួយចំនួនបានលួចឲ្យដឹងថា ទាយាទជំនាន់ក្រោយរបស់ Apple គឺ iPhone 6 នឹងបំពាក់អេក្រង់ពីរជម្រើសគឺ អេក្រង់ ៤,៥ អ៊ីញ និងអេក្រង់ ៥ អ៊ីញ។ ប៉ុន្តែបើតាមការស្ទាបស្ទង់ក្រៅផ្លូវការមួយរបស់ Sabay បានបង្ហាញថាពលរដ្ឋកម្ពុជាស្រលាញ់ពេញចិត្ត iPhone 6 ដែលមានទំហំ ៥.៥ អ៊ីញ ជាជម្រើសដ៏ប្រសើរសម្រាប់ពួកគេ។ ចុចទីនេះ ដើម្បីមើលការការធ្វើស្ទាបស្ទង់នេះ។
អានអត្ថបទ៖ iPhone 6 ចេញគំរូម៉ាអេមទៀតហើយ។
បន្តអាន៖ ព័ត៌មានផ្សេងៗជុំវិញ iPhone 6។
អត្ថបទ៖ ដារ៉ាឆានី
7:18 PM
Unknown

0 comments :
Post a Comment