Thursday, February 13, 2014

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​​ផ្លូវ​គោក ​កំពុង​ស្នើ​​​​ទៅ​ក្រសួង​មហាផ្ទៃ​ឲ្យ​មាន​​ការ​​ដាក់​​ពិន័យ ​ ​​ចំពោះ​អ្នក​​បើក​បរ​ទាំង​ឡាយ​ណា​ ដែល​​គ្មាន​ប័ណ្ណ​បើកបរ​​ នៅ​នឹង​កន្លែង ​​ជា​ជាង​បញ្ជូន​ទៅ​តុលា​ការ។ ​​​​នេះ​បើ​តាម​ប្រសាសន៍ លោក ​ព្រាប ច័ន្ទ​វិបុល ​ប្រធាន​ផ្នែក​អប់រំ​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៃ​គណៈកម្មាធិការ​ជាតិសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ជា​ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវ​គោក នៃ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​​​។
លោក​ ព្រាប ច័ន្ទ​វិបុល ​​​​បាន​ប្រាប់​ Sabay ថា ​​នគរ​បាល​គ្មាន​សមត្ថកិច្ច​ផាក​ពិន័យ​អ្នក​គ្មាន​ប័ណ្ណបើក​បរ​ នៅ​នឹង​កន្លែងនោះ​ទេ ដូច្នេះ​មាន​តែ​ស្នើរ​ទៅ​ក្រសួង​មហាផ្ទៃ​​ឲ្យ​ធ្វើ​ការ​កែ​ប្រែ​ ខណៈ​​ការ​បញ្ជូន​ទៅ​​តុលាការ​ បាន​​ជួប​​បញ្ហា​​ស្មុគ​ស្មាញ​ច្រើន។
លោក​​ថា បច្ចុប្បន្ន​​​មាន​យានយន្ត​សរុប​ជាង ​២លាន​គ្រឿង​កំពុង​ចរាចរណ៍​​ តែ​ក្នុង​ចំណោម​នោះ​​​អ្នក​មាន​​ប័ណ្ណ​បើក​បរ​​ត្រឹម​ត្រូវ​មាន​មិន​ដល់​​ ៨%​ ផង​។​ ដូច្នេះ​នេះ​គឺ​ជាបញ្ហា​ និង​ជា​​​វិធី​មួយ​ ដែល​​​អាច​ទាញ​ឲ្យ​​​​អ្នក​បញ្ជា​យានយន្ត​គ្រប់​ប្រភេទ​​​​ ចេះ​ច្បាប់​ និង​​ឈាន​​​​ទោ​ដល់​ការ​កាត់​ទៅ​​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដែល​​ភាគ​ច្រើន​​ គឺ​កើត​ឡើង​លើ​​អ្នក​បើក​បរ​ម៉ូតូ​ច្រើន​​ជាង​គេ។
តាម​​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​​មាត្រា​ ៧៤ បាន​​​ចែង​ថា​​ អ្នក​បើកបរ ​ទាំង​ឡាយ​ណា​ ដែល ​​គ្មាន​​ប័ណ្ណ​បើក​បរ​ នឹង​ត្រូវ​បញ្ជូន​ទៅ​តុលា​ ដោយ​ត្រូវ​​បង្គាប់​ឲ្យ​បង់​ប្រាក់​​ពី​ ២៥ ០០០ រៀល​ ទៅ​ ២០ ម៉ឺន​រៀល​ ឬ​អាច​ជាប់​​ពន្ធនាគារ​​ពី​ ៦​ថ្ងៃ​ទៅ​១​ខែ។
សេចក្ដី​ស្នើ​ ដែល​កំពុង​ស្ថិត​ នៅ​ក្នុង​ការ​ពិភាក្សា​នៅ​ឡើយ​ ត្រូវ​បាន​ លោក​ ព្រាប​ ច័ន្ទវិបុល​ ​បន្ថែម​ថា​ ​គណៈកម្មាធិការ​ចង់​ឲ្យ​បញ្ចូល​ការ​​​ផាក​ពិន័យ​ អ្នក​គ្មាន​ប័ណ្ណ​បើក​បរ​​នេះ​នៅ​ ​ក្នុង​បទ​លហុ​ទី ៤ គុណ​​នឹង​​ប្រាំ​​​​។​ ​បទ​ល្មើស​លហុ​​ទី​៤​ តម្រូវ​ឲ្យ​​អ្នក​បើក​បរ​​បង់​ចំនួន​ ៦ ០០០ រៀល។
​ការ​ស្នើ​​​​ឲ្យ​​​ផាក​​ពិន័យ​អ្នក​​គ្មាន​ប័ណ្ណ​បើក​​បរ​​ដដែល​​នេះ ​​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ ​​ ខណៈ​​​ដែល ច្បាប់​ចរាចរណ៍​ផ្លូវ​​គោក​ថ្មី​គ្រោង​ចេញ​នៅ​ឆ្នាំ​២០១៤​ នេះ​។ ដូច្នេះ​ បើ​អាច​លោក​​ចង់​ឲ្យ​​​មាន​​ការ​ដាក់​បញ្ចូល​​​ ក្នុង​ច្បាប់​ចរាចរណ៍​​ផ្លូវ​គោក​ថ្មី​ ​នេះ​តែ​ម្ដង។លោក​​ ព្រាប ​ច័ន្ទវិបុល​ បន្ថែម។
បច្ចុប្បន្ន​នេះ​ អ្នក​​​បើក​បរ​ម៉ូតូ​ ចំនួន​ ១៥ ម៉ឺន​នាក់​ និង​បើក​បរ​ឡាន​ចំនួន​ ៦០ ម៉ឺន​​នាក់​ មាន​ប័ណ្ណ​បើក​បរ​ត្រឹម​ត្រូវ​ ខណៈ​​កាល​ពី​ឆ្នាំ​២០១៣ កម្ពុជា​មាន​យាន​យន្ត​​ប្រមាណ​​ ២,​៣៦​លាន​គ្រឿង​​ បាន​ទៅ​ចុះ​បញ្ជី​​នៅ​​ក្រសួង​សាធារណៈ​ការ​ និង​​ដឹក​ជញ្ជូន៕​ ​​

0 comments :

Post a Comment