Friday, February 21, 2014

ខេត្ត​ព្រះសីហនុ ៖ ក្រុម​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​លក់ដូរ​នៅលើ​ឆ្នេរសមុទ្រ​ខាងមុខ​សាលាខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ បាននាំគ្នា​ធ្វើការ​តវ៉ា​ចំពោះ​ក្រុមហ៊ុន​ស៊ី​ស្នែ​ក អ៊ិន​វេស​មិន ដែល​បានធ្វើ​របង​ហ៊ុំ​ព័ន្ធ​កន្លែង​លក់ដូរ​របស់​ពួកគាត់ និង​បិទផ្លូវ​ចូលទៅ​កាន់​ឆ្នេរសមុទ្រ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​ទទួល​សិទ្ធិ​កាន់កាប់​ពី​អជ្ញាធរខេត្ត​រួចមក​នោះ។

អាជីវករ​ម្នាក់​បាន​និយាយថា ពួកគាត់​បានមក​រស់​នៅ និង​ធ្វើ​អាជីវកម្ម​លក់ដូរ​នៅតាម​ឆ្នេរសមុទ្រ​ខាងមុខ​សាលាខេត្ត​តាំងតែ​ពី​ឆ្នាំ១៩៧៩មកម្ល៉េះ រហូតដល់​ឆ្នាំ២០០៦ ដី​តំបន់​នេះ​ត្រូវបាន​អជ្ញាធរ​ក្រុង​ជំនា​ក់លោក សាយ ហាក់ ជា​អភិបាលក្រុង បាន​យក​ដី​តំបន់ឆ្នេរ​នេះ​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​រុស្សី ស្នេ​ក​ហាវ កាន់កាប់​គ្រប់គ្រង​អភិ​វ​ឌ្ឈ​ន៍​ជា​តំបន់​ទេសចរណ៍ ដោយ​កាលនោះ​ពួកគាត់​ត្រូវបាន​អជ្ញាធរ​ក្រុង​ចែក​ដី​តំបន់ឆ្នេរ​នោះ​ឲ្យ​ក្នុង​មួយ​គ្រូ​សារ​ក្បាល៧ម៉ែត្រ​សម្រាប់​សាងសង់​តូប​លក់ដូរ​បន្ត​រហូត​មក។ ប៉ុន្តែ​ស្រាប់តែ​នៅ​ឆ្នាំ២០១៤នេះ ពួកគាត់​ត្រូវបាន​អជ្ញាធរ​ខេត្ត​បណ្តេញចេញ​ម្តងទៀត ដើម្បី​ប្រមូលយក​ដី​នោះ​ប្រគល់​ឲ្យ​ទៅ​ក្រុមហ៊ុន​ស៊ី​ស្នែ​ក អ៊ិន​វេស​មិន ខូ​អិ​ល​ធី​ឌី។

ជុំវិញ​ករណីនេះ លោក ប្រាប់ ស៊ី​ហា​រ៉ា អភិបាលរង​ខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍ថា ដី​តំបន់​ឆ្នេរសមុទ្រ​ខាងមុខ​សាលាខេត្ត​ដែលមាន​ទំហំ១០៧៧០៣ម៉ែត្រ​ការ​រ៉េ ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ស៊ី​ស្នែ​ក អ៊ិន​វេស​មិន គ្រប់គ្រង និង​អភិវឌ្ឍន៍​ជា​មជ្ឈមណ្ឌល​ទេសចរណ៍​អន្តរជាតិ ដូចនេះ​បងប្អូន​អាជីវករ​ដែល​រស់នៅ​ពាក់ព័ន្ធ​នឹង​ដី​នោះ ត្រូវតែ​ចាកចេញ​មិនអាច​រស់នៅ​បន្តទៀត​ទេ​ឡើយ ដោយ​អជ្ញា​ធរមាន​រៀបចំ​ជា​កញ្ចប់​ថវិការ​គោលនយោបាយ​ដោះស្រាយ​មួយចំនួន​ផងដែរ។

តែ​ទោះជា​យ៉ាងណាក៏ដោយ ក្រុមអាជីវករ​បាន​ប្រកាន់​គោលជំហរ​ថា ពួកគាត់​មិន​ចង់បាន​លុយ​ដោះស្រាយ​គោលនយោបាយ​អ្វី​ទេ គឺ​ពួកគាត់​ចង់​បានតែ​កន្លែង​សម្រាប់​លក់ដូរ​បន្តទៀត​ប៉ុណ្ណោះ។

គួរបញ្ជាក់​ផងដែរ​ថា ឆ្នេរសមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​ជាច្រើន​កន្លែង​មកហើយ ភាគច្រើន​ត្រូវបាន​គេ​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើការ​អភិវឌ្ឍន៍ ដោយ​ក្រុមហ៊ុន​ទាំង​នោះបាន​ចាក់ដី​ធ្វើ​របង​បិត​ជិត​មិន​ឲ្យ​មានការ​ចេញចូល​ទៅលេង​កម្សាន្តដូចពេលមុនៗទៀត​ទេ។ ឆ្នេរ​ទាំងនោះ​មានដូចជា​ឆ្នេរ​អូរ​ឈើទាល, ឆ្នេរ​សុខា, ឆ្នេរ​ប្រាំពីរ​ជាន់, ឆ្នេរ​អូរត្រេះ, ឆ្នេរ​ព្រែកត្រែង​ជាដើម ហើយ​ឆ្នេរ​ដែល​នៅ​សេសសល់​សម្រាប់​ភ្ញៀវទេសចរ​គឺ​នៅមាន​តិច​តូច​បំផុត៕ ដោយ លី សុខ​ម៉ន
បញ្ចេញមតិ

0 comments :

Post a Comment