ក្រុម​​ U13 ​​ជម្រើស​ជាតិ​កម្ពុជា ​​​​​ធនធាន​​ស្នូល​នៃ​អនាគត​​​​​បាល់​ទាត់​កម្ពុជា​ពិសេស​ ការ​ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​ស៊ីហ្គេម​២០២៣ ​ដែល​​ត្រូវ​បាន​គេ​អះអាង​ថា​កំពុងទទួល​ការ​​​​បំពាក់បំប៉ន​​ការ​ហ្វឹកហាត់​ ​តាម​ស្តង់ដារ​ ដោយ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​នៅ មជ្ឈមណ្ឌល​​បាល់​ទាត់​ជាតិ​បាទី ​នៅ​​ថ្ងៃ​​នេះ នឹង​​​បើក​ទ្វា​​ធ្វើ​​​​ការ​ប្រកួត​មិត្តភាព​ដំបូង​បង្អស់​ តទល់​ក្រុម U13 ​ស្វាយ​រៀង​ ចាប់​ពី​ម៉ោង​៣​​​​​រសៀល​​​ទៅ​​។
កាល​ខែ​ តុលា ២០១៣​ ​កីឡាករ​ថ្នាល​ជម្រើស​ជាតិ​​​វ័យ​ក្មេង​​ចំនួន​២០​​​នាក់​ត្រូវ​បាន​ចម្រាញ់​​​​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ពី គ្រូ​បង្វឹក​ជប៉ុន​និង​អ្នក​ជំនាញការ​​ពី FIFA ​​ចេញ​ពី​​ក្រុម​​​កុមារ​សរុប​​ចំនួន​១៦៦​នាក់​ដែល​ជ្រើស​រើស​​បាន​​​​ពី​​ ការ​ប្រមូល​ផ្ដុំ​ដំបូង​​​កាល​ខែ​កក្កដា​​​ ដើម្បី​ហ្វឹកហាត់​និង​ស្នាក់​នៅ​ នៅ​មជ្ឈមណ្ឌល​បាល់​ទាត់​ជាតិ​មួយ​នោះ​​​​​។
ក្រុម​ U13 ជម្រើសជាតិ​កម្ពុជា (រូបថត៖ FB ផាន សុផាន់ណារ៉ា)
ការ​ជ្រើសរើស​កីឡាករ​ថ្នាល​២០​នាក់​នេះ ជា​គម្រោង​ដំបូង​របស់​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​​​និង​ដៃគូ​ដូច​​ជា ក្រសួង​អប់រំ​យុវជន និង កីឡា នាយកដ្ឋាន​កីឡា​សិស្ស​និង​និស្សិត នាយកដ្ឋាន​អប់រំកាយ​និង​កីឡា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សមាជិក​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា និង សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ ​សម្រាប់​រយៈ​ពេល​៤​ឆ្នាំ​ដំបូង​។ មាន​​ន័យ​ថា​​ យ៉ាង​ហោច​ណាស់​​នៅ​​​ក្រោយ​​៤​ឆ្នាំ​បន្ទាប់​ទំនង​​​ សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ ទំនង​នឹង​រៀប​ចំ​គម្រោង​​ចម្រាញ់​​​រក​ថ្នាល​​ទៀត​៕
អត្ថបទ៖ ប៉ែន សុផាន់ណា​​