ការបាត់ខ្លួននៃយន្តហោះម៉ាឡេស៊ី ប៊ូអ៊ីង 777 មិនត្រឹមតែទាញការចាប់អារម្មណ៍ពីបណ្ដាប្រទេសផ្សេងៗក្នុងសាកលលោកប៉ុណ្ណោះទេ សូម្បីប្រជាជនខ្មែររស់នៅរហូតដល់ចុងកាត់មាត់ញកក៏កំពុងតាមដានព័ត៌មាននេះយ៉ាងសកម្មដែរ។

ជាក់ស្ដែង អ្នកស្រី ម៉េង រ៉ាន់ អាជីវករលក់ដូរនៅចំណតរថយន្តស្គន់ ឯខេត្តកំពង់ចាមឯណោះ ដែលកម្រស្ដាប់ព័ត៌មាន បានបែរមកជជែកគ្នាក្នុងសហគមន៍របស់ខ្លួន អំពីការធ្លាក់នៃយន្តហោះម៉ាឡេស៊ី ប៊ូអ៊ីង 777នេះ ក្រោយពីដឹងដំណឹងនោះតាមកញ្ចក់ទូរទស្សន៍។ អ្នកស្រីថា ឥឡូវនេះ អ្នកស្រីចង់ដឹងថា មានមនុស្សប៉ុន្មាននាក់ស្លាប់។
ចំណែក កញ្ញា អ៊ូ បាណុង អាយុ២៤ឆ្នាំ មន្ត្រីទំនាក់ទំនងសាធារណៈនៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្នុងរាជធានីភ្នំពេញ ដែលធ្លាប់ធ្វើដំណើរតាមយន្តហោះ រាប់ភ្លេច បានដឹងព័ត៌មាននៃការធ្លាក់យន្តហោះនេះយ៉ាងច្បាស់។ ទោះបីយ៉ាងណា កញ្ញាថា ព័ត៌មាននៃការធ្លាក់យន្តហោះនោះមិនអាចរារាំងចិត្តកញ្ញាក្នុងការធ្វើដំណើរតាមយន្តហោះពេលក្រោយទៀតនោះទេ។
បាណុង បញ្ជាក់ថា៖ “វាជារឿងកម្រកើតមានណាស់។ ការធ្វើដំណើរលើគោកទៅវិញទេ ទើបមានគ្រោះថ្នាក់ច្រើន ដូច្នេះខ្ញុំដូចជាមិនភ័យស្លុតអ្វីទេ។ ចំណែកឪពុកម្ដាយខ្ញុំក៏មិនហាមឃាតខ្ញុំក្នុងការជិះយន្តហោះពេលក្រោយដែរ។ ប្រហែលជាគាត់ដឹងច្បាប់ថា វាកម្រនឹងកើតមានណាស់ ករណីធ្លាក់យន្តហោះបែបហ្នឹងនោះ”។
កាលពីវេលាម៉ោង១២ និង៤១នាទីរំលងអធ្រាត្រ ចូលថ្ងៃសៅរ៍ ទី៨មីនាកន្លងទៅ យន្តហោះម៉ាឡេស៊ី ប៊ូអ៊ីង 777 ផ្ទុកអ្នកដំណើរ២៣៩នាក់ ធ្វើដំណើរចេញពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង បានបាត់ខ្លួនពីប្រព័ន្ធរ៉ាដាក្នុងរយៈពេល២ម៉ោងបន្ទាប់ពីចាកចេញ។
អូតេសបម្រើការលើយន្តហោះអាកាសចរណ៍ខ្មែរ Cambodia Angkor Air លោក អ៊ុយ នូសិរីមុនី អាយុ៣៣ឆ្នាំ ឲ្យដឹងថា ក្រោយពីដឹងព័ត៌មានការធ្លាក់យន្តហោះនេះ លោកត្រូវបានភរិយាទូរសព្ទទាក់ទងភ្លាមៗ ខណៈយន្តហោះរបស់លោកបានទៅដល់ប្រទេសចិនទៅហើយ។
លោក នូសិរីមុនី ថា៖ “ភរិយាខ្ញុំបានទូរសព្ទទៅខ្ញុំនៅចិនសួរពីសុខទុក្ខ។ ពេលខ្ញុំមកដល់កម្ពុជាវិញ មានការផ្ញើសារសួរសុខទុក្ខពីសាច់ញាតិ និងមិត្តភ័ក្ដិជាច្រើន”។
អ្នកដែលធ្លាប់ឆ្លងកាត់ការបណ្ដុះបណ្ដាលទាក់ទឹងនឹងសុវត្ថិភាពលើយន្តហោះរូបនេះឲ្យដឹងថា តាមការរៀន បើយន្តហោះនោះចុះចតដោយដឹងខ្លួនមុន អ្នកដំណើរនឹងទាញអាវពងមកពាក់។ លោកថាពេលយន្តហោះចុះដល់ទឹក គេនឹងបើកទ្វារឲ្យអ្នកដំណើរសម្រូតខ្លួនមកក្រោមភ្លាម។ កន្លងមក លោកថា ការចុះចតនៅក្នុងទឹកត្រូវបានសង្គ្រោះដោយជោគជ័យ ដូចជានៅសហរដ្ឋអាមេរិក។


ប៉ុន្តែសម្រាប់ករណីយន្តហោះម៉ាឡេស៊ីនេះ គេមិនទាន់ដឹងថា យន្តហោះនោះចុះដោយដឹងខ្លួនមុន ឬត្រូវធ្លាក់ទៅបុកនឹងទឹក ឬយ៉ាងណានោះទេ។ គេត្រូវរង់ចាំរកយន្តហោះនោះឃើញសិន ហើយយកបំណែកវាមកផ្គុំ ដើម្បីរកមើលថា ផ្នែកណាមួយធ្វើឲ្យយន្តហោះនោះជួបឧប្បត្តិហេតុ។ ទន្ទឹមនឹងនោះ លោកថា គេនឹងរកប្រអប់ខ្មៅ ដែលអាចឲ្យគេដឹងច្រើនអំពីសោកនាដកម្មនេះដែរ។
តែទោះបីយ៉ាងណា លោកថ្លែងថា៖ “យើងជាអ្នកធ្វើការលើយន្តហោះមានអារម្មណ៍ស្លុត ប៉ុន្តែមិនមែនការធ្លាក់យន្តហោះនេះធ្វើឲ្យបាត់កម្លាំងចិត្ត លែងចង់ធ្វើការនេះទៀតទេ”៕
អត្ថបទ៖ មាស រ័ត្ន
រូបភាព៖ america.aljazeera & dailymail
1:47 AM
Unknown
Posted in
0 comments :
Post a Comment