កីឡាករវ័យក្មេង ម៉ឺន មេឃា ស្ថិតនៅបង្គោលក្រហមគឺជាកូនរបស់អតីតកំពូលអ្នកប្រដាល់ អេ ភូថង បានឡើងប្រកួតនឹងកីឡាករ សូត្រ ខេវិន ស្ថិតនៅបង្គោលខៀវជាកូនបង្កើតលោកគ្រូ គឹម ប៊ុនសូត្រ នៃក្លិបខ្លារខិនមានរិទ្ធិកាលពីថ្ងៃសៅរ៍កន្លងទៅនេះ។
តើ ម៉ឺន មេឃា មានប្រវត្តិប្រកួតបែបណា? តើគេអាចស្នងតំណែងឪពុកបានដែរឬទេ?
ម៉ឺន មេឃា ប្រកួតឈ្នះ ខេវិន កាលពីថ្ងៃសៅរ៍ (រូបថត៖ FB)
ម៉ឺន មេឃា មានឈ្មោះពិត អេ វីរៈខាំឈីតភូថង ជាកូនទី២ក្នុងចំណោមកូនបង្កើតទាំង៤នាក់របស់អធិរាជជង្គង់ទិព្វ អេ ភូថង។ កុមារារូបនេះធ្លាប់ទៅហ្វឹកហាត់ប្រដាល់ក្នុងទឹកដីថៃ កាលរស់នៅខេត្តកោះកុង ហើយចាប់ផ្ដើមឡើងសង្វៀនដំបូង តាំងពីអាយុបាន១០ឆ្នាំមកម្ល៉េះ។ មកទល់ពេលនេះ កីឡាករដែលមានឈ្មោះហៅក្រៅ មេឃ មានប្រវត្តិប្រកួត៥០ដងហើយ ក្នុងនោះឈ្នះដល់ទៅ៤៨ដង មិនដែលស្មើ និងចាញ់តែ២ប្រកួតប៉ុណ្ណោះ ក្នុងនោះផ្ដួលគូប្រកួតឲ្យសន្លប់មិនតិចជាង២០ទេ។
ស្ថិតិប្រកួតនេះ រាប់ទាំងការប្រកួតក្នុងទឹកដីថៃ វាយលក់សំបុត្រតាមខេត្តនានាជិតព្រំដែន ខ្មែរ-ថៃ សង្វៀនទូរទស្សន៍អប្សរា និងសង្វៀនស៊ីធីអិនកាលពីថ្ងៃសៅរ៍នេះ។ យុវជនវ័យ១៣ឆ្នាំខាងលើ ត្រូវបានគេប្រាប់ឲ្យដឹងថា ពូកែលេងផ្លែកែងនិងជង្គង់ រីឯទម្ងន់ជើងទាត់សន្ធាប់របស់គេ ធ្ងន់មិនចាញ់ឪពុកប៉ុន្មានឡើយ។
លោកស្រី សឹង សុម៉ាលី ម្ដាយបង្កើតរបស់ មេឃា ធ្លាប់ឲ្យ Sabay ដឹងថា កូនទាំង៤នាក់របស់គាត់ សុទ្ធតែហាត់ប្រដាល់ទាំងអស់ ហើយកូនពៅឈ្មោះ ថៃសាន់ ភូថង ដែលមានអាយុទើប៥ឆ្នាំបាននិយាយប្រាប់ឪពុកខ្លួនថា នៅពេលគេធំឡើង នឹងឡើងរេញប្រកួតដណ្ដើមខ្សែក្រវាត់ឲ្យបាន៨ខ្សែ ដើម្បីតបស្នងឪពុករបស់ខ្លួន៕
វីដេអូការប្រកួតរវាង ម៉ឺន មេឃា vs សូត្រ ខេវិន កាលពីថ្ងៃសៅរ៍
អត្ថបទ៖ រស់ កាណាល់
7:49 PM
Unknown

Posted in
0 comments :
Post a Comment