Tuesday, April 1, 2014

ក្រុម​​សិស្ស​សាលា​បាល់ទាត់​ជាតិ​ដែល​ជា​ថ្នាល​សម្រាប់ឈុត​ស៊ីហ្គេម ២០​២៣ របស់​កម្ពុជា​​ដែល​សំងំ​ហ្វឹកហាត់​នៅ​ទីលាន​​មជ្ឍមណ្ឌល​កីឡា​បាល់ទាត់ជាតិ​ទន្លេរ​បាទី បាន​​​ចេញ​ដំណើរ​ទៅ​ប្រកួត​ក្នុង​ពាន​រង្វាន់ U14 ASEAN + Japan ដែល​រៀបចំ​នៅ​ប្រទេស​ជប៉ុន​កាល​ពី​​ថ្ងៃ​ទី ៣០ មីនា កន្លង​ទៅ។
លោក កែវ សារ៉េត នាយក​សាលា​បាល់ទាត់​ជាតិ​ បាន​ប្រាប់ Sabay នៅ​ព្រឹក​នេះ​ថា៖ “នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ក្មេងៗ បាន​ចេញ​ទៅ​បង្ហាញ​សមត្ថភាព​នៅ​ក្រៅ​ប្រទេស ហើយ​ក៏​ជា​រឿង​ល្អ ដែល​ពួក​គេ​បាន​ទៅ​សិក្សា​ស្វែង​យល់​ពី​បាល់ទាត់​នៅ​ប្រទេស​រីក​ចំរើន​ដូចជា​​​​ជប៉ុន​”។
លោក​នាយក​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង​​ដែល​ខាង​អ្នក​រៀបចំ​កម្មវិធី​តម្រូវ​យក​កីឡាករ​​ទៅ​ប្រកួត​តែ​ចំនួន ១៧ នាក់​ប៉ុណ្ណោះ ខណៈ​កីឡាករ ៣ នាក់​ផ្សេង​ទៀត​មិន​បាន​ទៅ។ លោក​បាន​ព្យាយាម​សុំ​ទៅ​ខាង​ភាគី​ជប៉ុន​ដែរ ប៉ុន្តែ​ម្ចាស់​ផ្ទះ​មិន​អនុញ្ញាត។ រាល់​បន្ទុក​ក្នុង​ការ​​ចេញ​ទៅ​ប្រកួត​​លើក​នេះ​គឺ​ជា​ចំណាយ​របស់​ជប៉ុន​ទាំង​ស្រុង។
តាម​គម្រោង​ជប៉ុន​រៀបចំ​​ពាន​រង្វាន់​នេះ​ឡើង​គឺ​ដើម្បី​​ត្រៀម​ខ្លួន​យុវជន​ជំនាន់​ក្រោយ​របស់​ខ្លួន​ ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ក្ដៅ​​ដែល​​ប្រព្រឹត្តិ​ទៅ​ក្នុង​ក្រុម​តូក្យូ នៅ​ឆ្នាំ ២០២០ ខាង​មុខ។
គ្រប់​ក្រុម​ទាំង​អស់​ចេញ​ដំណើរ​ទៅ​ប្រកួត​នៅ​ថ្ងៃ​ទី ៣១ មីនា និង ថ្ងៃ​ទី ៩ មេសា ទើប​ត្រឡប់​មក​វិញ។ ការ​ប្រកួត​​ធ្វើ​ឡើង​នៅ​​តំបន់​បាល់ទាត់ J-GREEN Sakai នៃ​ទីក្រុង Osaka  ចាប់​ពី​ថ្ងៃ​​ទី ១ ដល់ ៦ មេសា៕
ព័ត៌មាន​ជុំ​វិញ​សាលា​បាល់ទាត់​ជាតិ​ សូម​ចុច​ទីនេះ…

អត្ថបទ៖ ម៉ឺន រស្មី

0 comments :

Post a Comment